Saturday, June 28, 2014

អ្នកចម្រៀងនិង​ជាមេការ​ខារ៉ាអូខេម្នាក់​ស្លាប់​ ត្រូវ​គេ​បញ្ជូនទៅ​ស្រុក​កំណើត​ស្ងាត់​ៗ ប្រជាពលរដ្ឋ​មន្ទិល​គ្រប់​គ្នា​​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីអ្នកចម្រៀង និងជាមេការខារ៉ាអូខេម្នាក់ បម្រើការងារនៅហាងខារ៉ាអូខេ យីហោ ខេវ័ន្ត មានទីតាំងស្ថិត នៅភូមិក្បាលស្ពាន០១ សង្កាត់និងក្រុងប៉ោយប៉ែត ត្រូវប្រភពប្រាប់ថា បានស្លាប់ដោយពុំដឹងមូលហេតុ ហើយសព ត្រូវគេបញ្ជូនទៅស្រុកកំណើត ទាំងព្រឹកព្រលឹមស្ងាត់ៗ កាលពីថ្ងៃទី២៧ មិថុនា ធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលគ្រប់គ្នា។
ប្រភពប្រាប់ឱ្យដឹងទៀតថា ស្ត្រីរងគ្រោះឈ្មោះ ផង់ សុគុណថា អាយុជាង៣០ឆ្នាំ ជាអ្នកចម្រៀងនិងជាមេការ ប្រចាំនៅហាងខារ៉ាអូខេខាងលើ មានទីលំនៅសង្កាត់ចុងឃ្មៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពបញ្ជាក់ថា ស្ត្រីរងគ្រោះ ក្រោយពីមានអាការៈ មិនស្រួលខ្លួនខ្លាំង ត្រូវគេបញ្ជូនចេញពីកន្លែងធ្វើការ យកទៅកាន់គ្លីនិកឯកជន ២កន្លែង នៅវេលាទៀបភ្លឺ ប៉ុន្តែគ្លីនិកខាងលើ មិនហ៊ានទទួល បន្ទាប់មកជនរងគ្រោះ ក៍ត្រូវបានគេបញ្ជូនបន្ត ទៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។
ទោះជាយ៉ាងណា ក្រោយពីមានប្រភពថា ដំបូងជនរងគ្រោះ ត្រូវគេបញ្ជូនទៅគ្លីនិក រក្សាសុខទេវិន្ទ កោះសន្តិភាពបានទាក់ទង សុំការបំភ្លឺពីលោក លុក ពៅសម្បត្តិ ម្ចាស់គ្លីនិក តែត្រូវលោកបដិសេធថា មិនមានជនរងគ្រោះខាងលើ បញ្ជូនមកគ្លីនិករបស់ លោក ដើម្បីឲ្យជួយសង្រ្គោះឡើយ កាលពីព្រឹកព្រលឹមថ្ងៃទី២៧ មិថុនានោះ។ លុះពេលទំនាក់ទំនង សុំការបំភ្លឺពីលោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត ទូរស័ព្ទចុចចូលជាច្រើនដង តែមិនមានអ្នកទទួល។ ចំណែកលោកហម ម៉ុត មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត ពេលដែលកោះសន្តិភាព ទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២៧ ដើម្បីសាកសួររឿងរ៉ាវខាងលើ លោកប្រាប់ថាមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែលោកថានឹងធ្វើការស្រាវ ជ្រាវបញ្ហាហ្នឹង។
ដោយឡែកលោកឱក ទីណា ប្រធានស្ដីទីមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៨ មិថុនានេះ ថាពិតជាមានស្ត្រីម្នាក់ បានស្លាប់កាលពីព្រឹកថ្ងៃទី២៧ មែន។ លោកប្រធានស្ដីទីរូបនោះបន្តថា ជនរងគ្រោះបានស្លាប់ មុនពេលមកដល់មន្ទីរពេទ្យ ហើយក៍ត្រូវគេដឹកបន្ត ទៅខេត្តសៀមរាប។ រីឯឈ្មោះសៅ ម្ចាស់ហាងខារ៉ាអូខេ យីហោខេវ័ន្ត កោះសន្តិភាពបានទូរស័ព្ទ ចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល ដូច្នេះជុំវិញព័ត៌មានការស្លាប់ របស់ស្ត្រីអ្នកចម្រៀង និងជាមេការ ខារ៉ាអូខេ នៅតែស្ថិតក្នុងអាថ៌កំបាំង៕ (Post by: Sokun)

0 comments:

Post a Comment