Friday, February 14, 2014

ប័ណ្ណឥណទានវីសា​អេស៊ីលីដា


ACLEDA VISA Credit Card
Dr. IN Channy, President & Group CEO of ACLEDA Bank Plc.
Ms. Lorijon Bacchi, Visa Country Manager, Vietnam, Cambodia and Laos
Distinguished guests in the official launching of ACLEDA VISA Credit Card

រាជធានីភ្នំពេញ, ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា ប្រជាធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​នេះ​ថា ធនាគារ​ចាប់​ផ្តើម​បម្រើ​ជូន​អតិថិជន និង​សាធារណជន នូវ​ផលិតផល​ថ្មី គឺ "ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា" ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ជា​ប័ណ្ណ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ត្រូវ​បាន​ផលិត​ស្រប​តាម​បទដ្ឋាន​ទាន់​សម័យ​បំផុត ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ជូន​ដល់​អតិថិជន ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ទិន្នន័យ​សុវត្ថិភាព​នៃ​ឧស្សាហកម្ម​ប័ណ្ណ​ទូទាត់ (PCI DSS) ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា មាន​លក្ខណៈ​ប្រកប​ដោយ​សុវត្ថិភាព និង​មាន​ភាពងាយស្រួល ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាំង​សកល ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន តាម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ជា​ជម្រើស​ដ៏​ប្រសើរ​មួយ និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការ​ឆ្ពោះ​ទៅ​រក​ជីវភាព​រស់​នៅ​ក្នុង​ភាព​ ទំនើប​ទាន់​សម័យ ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​ប្រចាំ​ ថ្ងៃ រហូត​ឈាន​ទៅ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណែត ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ "យើង​តែងតែ​យក​ចិត្ត​ទុកដាក់​ស្តាប់​ដំបូន្មាន​ដ៏​ល្អៗ និង​ដំបូន្មាន​ដ៏​មាន​តម្លៃ​របស់​អតិថិជន, ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែ​បង្កើត​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ ដើម្បី​បំពេញ​តម្រូវការ​ជូន​អតិថិជន" ។
លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បន្ត​ទៀត​ថា "ថ្ងៃ​នេះ តប​តាម​ដំបូន្មាន​ដ៏​មាន​តម្លៃ​របស់​អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ​ឧបករណ៍​ទូទាត់​ហិរញ្ញវត្ថុ ដ៏​សំខាន់​លំដាប់​សកល​លោក គឺ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ដែល​ជា​ប័ណ្ណ​ជួយ​ឱ្យ​ម្ចាស់​ប័ណ្ណ​អាច​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​នានា បាន​នា​ពេល​ឥឡូវ​នេះ ហើយ​និង​ធ្វើ​ការ​ទូទាត់​សង​វិញ​នៅ​ពេល​ក្រោយ ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា គឺ​ជា​ជម្រើស​មួយ​ដ៏​អស្ចារ្យ សម្រាប់​ការបង្កើន​សុវត្ថិភាព​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​សកល និង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន ។ ការ​ប្រើ​ប្រាស់ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ បាន​កាន់​តែ​ងាយ​ស្រួល​ដោយ​មិន​ចាំ​បាច់​កាន់​សាច់​ប្រាក់​សុទ្ធ នៅ​ពេល​ដែល​ពួកគាត់​ធ្វើ​ដំណើរ​ទេសចរណ៍​ទាំង​នៅ​ក្នុង​ប្រទេស និង​សកល​លោក ។ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា អាច​ជួយ​សម្រួល​ដល់​អតិថិជន ធ្វើ​ប្រតិបត្តិការ​បាន​កាន់​តែ​ងាយ​ស្រួល និង​មាន​សុវត្ថិភាព តាម​រយៈ​ម៉ាស៊ីន​អេធីអឹម (ATM), ម៉ាស៊ីន​ឆូតកាត (POS), ឬ​ប្រព័ន្ធ​អ៊ីនធឺណែត (e-commerce) ។ អតិថិជន​អាច​ដក​សាច់​ប្រាក់​បាន​ដោយ​ឆាប់​រហ័យ និង​ធ្វើ​ការ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​ផ្សេងៗ បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង​ដែល​មាន​ស្លាក​សញ្ញា​វីសា VISA ឬ VISA Plus នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជុំ​វិញ​សកល​លោក ។ ជា​ពិសេស​អតិថិជន​អាច​ធ្វើ​ការបញ្ជា​ទិញ​ទំនិញ កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​សណ្ឋាគារ ។ល។ នៅ​នឹង​កន្លែង ឬ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណែត" ។
លោក​បណ្ឌិត បាន​បន្ថែម​ទៀត​ថា "តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា នា​ពេល​នេះ គឺ​ជា​សក្ខីភាព​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្តេជ្ញា​បន្ត​ពង្រីក​តួនាទី​ឈាន​មុខ​គេ ក្នុង​ការ​ផ្តល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ចម្រុះ​ដ៏​សម្បូរ​បែប ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍" ។
លោកស្រី Lorijon Bacchi នាយិកា​គ្រប់គ្រង​វីសា​ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ បាន​មានប្រសាសន៍​ថា ៖ យើង​មាន​ក្តីសប្បាយរីករាយ​ណាស់ ដែល​បានឃើញ​ការដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា របស់​ធនាគារ​អេស៊ីលីដា​នា​ថ្ងៃនេះ ។ ប័ណ្ណឥណទាន​វីសា ជាប័ណ្ណ​មួយ​អាច​ជួយ​លោកអ្នក​ទិញ​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ​បាន​ភ្លាមៗ និង​​ទូទាត់​វិញ​នៅ​ពេលក្រោយ ។ ប័ណ្ណឥណទាន​វីសា​របស់​លោកអ្នក អាច​ប្រើប្រាស់​បាន​ជាមួយ​ម៉ាស៊ីន​ឆូតកាត ចំនួន ១០លាន​គ្រឿង នៅតាម​បណ្តា​ហាង​លក់ទំនិញ-សេវាកម្ម នៅ​ជុំវិញ​សកល​លោក ហើយ​ប័ណ្ណឥណទាន​វីសា​នេះ ធានា​បាន​នូវ​សុវតិ្ថភាព​ល្អ​ប្រសើរ​ជាងការ​កាន់​សាច់ប្រាក់​សុទ្ធ គឺ​មានន័យថា​ប័ណ្ណឥណទាន​វីសា ដែលបាន​បាត់​ហើយ គឺ​យើង​អាច​ជំនួស​ថ្មី​វិញបាន ប៉ុន្តែ​បើ​សាច់ប្រាក់​បានបាត់ ឬ​ត្រូវបាន​គេលួច​យក​នោះ គឺ​បាត់បង់​រហូត" ។
លោក​ស្រី​បាន​បន្ថែម​ទៀត​ថា "ជាមួយ​គ្នា​នេះ ស្ថាប័ន​វីសា បាន​ប្តេជ្ញាចិត្ត​ធ្វើប្រតិបត្តិការ​ជាមួយ​ធនាគារ​អេស៊ីលីដា ដើម្បី​ជួយ​អតិថិជន ក៏ដូចជា​ប្រជាជន​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​ប័ណ្ណ​ឥណទាន បាន​ជ្រាប​កាន់តែ​ច្បាស់​ពី​ដំណើរការ​របស់​ប័ណ្ណ​ឥណទាន ដូច្នេះ​ពួកគាត់​អាច​ផ្តល់ការ​សម្រេចចិត្ត​ក្នុងការ​គ្រប់គ្រង​សាច់ប្រាក់​ របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​បំផុត ។ នៅពេល​ប្រើប្រាស់​ដោយ​មាន​ការទទួលខុសត្រូវ ប័ណ្ណឥណទាន អាច​ផ្តល់​​អត្ថប្រយោជន៍​ដ៏​មានសារៈសំខាន់ និង​ជាឧបករណ៍​ទូទាត់​ដ៏​មាន​សុវត្ថិភាព​បំផុត" ។
ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ២៣៨ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា, ៣៥ ការិយាល័យ នៅ​ប្រទេស​ឡាវ និង ០៣ ការិយាល័យ​ នៅ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ២,២ ពាន់លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​តុលា ឆ្នាំ​២០១៣ ។ ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ហើយ​តាមយុទ្ធសាស្រ្ត ធនាគារ​អេស៊ីលីដា នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ទៅក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​តាម​ដងទន្លេមេគង្គ​ដទៃទៀត ។

0 comments:

Post a Comment