Pages

Saturday, June 28, 2014

ស្វែងយល់ពី គន្លឹះសំខាន់ៗ ទាំង ៧ យ៉ាង ជួយឲ្យអ្នក ជ្រើសរើស ដៃគូជីវិត ដែលត្រឹមត្រូវ

ប្រិយមិត្តប្រហែលជា ដឹងហើយថា ការជើ្រសរើសគួស្រករដែលត្រឹមត្រូវ គឺជាកត្តាសំខាន់ ធ្វើឲ្យជីវិតរៀបការ របស់អ្នកមានសុភមង្គល។ ប៉ុន្តែអ្វីដែលសំខាន់នោះ ថាតើអ្នកបានយល់ ពីកត្តាសំខាន់ៗមួយចំនូន ដែលអ្នកគួរតែពិចារណា ដើម្បីជ្រើសរើសដៃគូជីវិត ដែលត្រឹមត្រូវ ហើយឬនៅ? ខាងក្រោមគឺជា កត្តាសំខាន់ៗ ទាំង ៧ យ៉ាង ជួយឲ្យលោកអ្នក ជ្រើសរើសដៃគូជីវិត ដែលត្រឹមត្រូវ៖
១. អាចមានទំនាក់ទំនងល្អជាមួយអ្នក៖ វាគឺជាការសំខាន់បំផុត ក្នុងការជ្រើសរើស នរណាម្នាក់ដែល អាចពិភាក្សា ជាមួយអ្នកបានល្អ។ ការជើ្រសរើស ដៃគូជីវិតដែល មានលក្ខណៈបែបនេះ ជួយឲ្យលោកអ្នក ធ្វើអ្វីមួយ ឫ ពិភាក្សា រឿងអ្វីមួយ ដោយមិនធុញនឹងគ្នា ក្រោយពេលរៀបការ។
២. មានចំនង់ចំនូលចិត្តដូចគ្នា៖ តើអ្នកដឹងទេថា ការជ្រើសរើសដៃគូ ដែលមានចំនង់ចំនូលចិត្តដូចអ្នក អាចធ្វើអោយចំនង អាពាហ៍ពិពាហ៍ មានភាពល្អប្រសើរ។ ប៉ុន្តែអ្នកត្រូវចងចាំថា ចំនង់ចំនូលចិត្ត និង ការចាប់អារម្មណ៍ មិនត្រូវចាំបាច់ ដូចគ្នាទំាងស្រុងនោះទេ ប៉ុន្តែឲ្យតែភាគច្រើន ស្រដៀងគ្នា គឺបានទៅហើយ។ យោងតាមអ្នកចិត្តវិទ្យាបាន ឲ្យដឹងថា ពេលដែលអ្នកសំរេចចិត្ត រូមរស់ជាមួយអ្នកណាម្នាក់ អស់មួយជីវិតហើយ អ្នកត្រូវតែប្រាកដក្នុងចិត្តថា អ្នកអាចធ្វើរឿងអ្វីមួយ រូមគ្នាដោយ ភាពសប្បាយរីករាយ។
៣. មានកំរិតវប្បធម៌ប្រហែលគ្នា៖ ប្រសិនបើអ្នក ជាមនុស្សដែលត្រូវពឹងផ្អែកលើ ដៃគូអ្នក ហើយដៃគូអ្នក ជាមនុស្សដែលទទូល ជោគជ័យច្រើនជាងអ្នកខ្លាំងនោះ គឺវាអាចអោយ ចំនងអាពាហ៍ពិពាហ៍ នេះ មិនមានលក្ខណៈល្អប្រសើរឡើយ។ ដូច្នេះ អ្នកគួរតែជ្រើសរើសដៃគូជីវិត ដែលអ្នកអាច និយាយ និង គិតជាមួយគ្នាបាន និងធ្វើអ្វីរូមគ្នា ដើម្បីដឹកនាំគ្រូសារ ដ៏មានសុភមង្គលមួយ។
៤. ជ្រើសរើសដៃគូដែលមាន ឋានៈក្នុងសង្គមប្រហែលគ្នា៖ មុនពេលដែលជ្រើសរើស ដៃគូជីវិត អ្នកចាំបាច់ត្រូវតែពិចារណា ឋានៈគ្រូសាររបស់អ្នក និង គ្រូសាររបស់ដៃគូអ្នក។ ពីព្រោះតែការរស់នៅ ក្នុងឋានៈសង្គមខុសគ្នា ក៏អាចធ្វើឲ្យចំនងអាពាហ៍ពិពាហ៍ មានភាពរកាំរកូសផងដែរ។ ប៉ុន្តែត្រូវចាំថា ប្រសិនបើ អ្នកជាអ្នកមាន មិនមែន ត្រូវជ្រើសរើសដៃគូ ដែលមានដូចគ្នានោះទេ ប៉ុន្តែគ្រាន់តែកុំឲ្យមាន គំលាតជីវភាព ខុសគ្នាខ្លាំងពេក គឺជាអ្វីដែលអ្នកត្រូវពិចារណា ។
៥. ចេះគោរពគ្នាទៅវិញទៅមក៖ ប្រាកដណាស់អ្នកមិនអាច រូមរស់ជាមូយនរណាម្នាក់ ដែលមិនចេះ គោរពអ្នកនោះទេ ហើយជាពិសេសនោះគឹ ការលើកទឹកចិត្ត លើគោលដៅ និង ក្តីសុបិន្តរបស់អ្នក។ ដូច្នេះត្រូវចាំថា ជ្រើសរើសអ្នកដែល ទទួលស្គាល់ គោរព និង គាំទ្រអ្នក ទើបធ្វើឲ្យ ជីវិតអាពាហ៍ពិពាហ៍ ទទូលបានសុភមង្គល។
៦. ការជឿជាក់គ្នាទៅវិញទៅមក ៖ បច្ចុប្បន្ននេះ រឿងដែលសំខាន់បំផុត គឺការជ្រើសរើស ដៃគូដែលអ្នក អាចទុកចិត្ត នឹងជឿជាក់បាន ពីព្រោះថា អ្នកមិនអាចមានជីវិត រីករាយបានឡើយ ប្រសិនបើជីវិតអាពាហ៍ពិពាហ៍ របស់អ្នក មិនមានភាពស្មោះត្រង់នោះ។
៧. មានពេលសមស្រប ចំនាយពេលជាមួយគ្នា៖ បន្ទាប់ពីមានចំនង់ចំនូលចិត្ត ស្រដៀងគ្នាហើយ អ្នកចាំបាច់ត្រូវតែមានពេលវេលា នៅជាមួយគ្នា តាមការសមស្រប។ តើអ្នកដឹងទេថា ការចំនាយពេល នៅជាមួយគ្នា អាចធ្វើឲ្យចំនងអាពាហ៍ពិពាហ៍ កាន់តែមានភាពផ្អែមល្អែម ដូច្នេះ មុនពេលរៀបការ ជាមួយនរណាម្នាក់ ត្រូវប្រាកដចិត្តថា ម្នាក់នោះអាចមានពេលវេលា នៅជាមួយអ្នកគ្រប់គ្រាន់ឫអត់។

រូបតំណាង
ទាំងនេះ គឺជាគន្លឺះសំខាន់ៗទាំង ៧ យ៉ាងជួយឲ្យលោកអ្នក ជ្រើសរើសដៃគូជីវិតត្រឹមត្រូវ។ តើលោកអ្នក ធ្លាប់ពិចារណាលើចំនុចទាំង ៧ យ៉ាងនេះហើយឫនៅ?

គួរយល់ដឹង! កិច្ចការ ៨ យ៉ាង ដែលមនុស្សជោគជ័យ ធ្វើ មុនពេលចូលគេង !

តើជាធម្មតា អ្នក ចូលចិត្តធ្វើអ្វី មុនពេលចូលគេង? តើអ្នកចូលចិត្តមើល ទូរទស្សន៍ ឬ ក៏អ្នក ប្រើ កុំព្យូទ័រ ទូរស័ព្ទ យកមក លេងហ្គេម និង លេង ហេ្វសប៊ុក ឬក៏ ចំណាយពេលវេលា ជាមួយក្រុមគ្រួសារមុនពេល ចូលគេង? ប៉ុន្តែតើ អ្នកមានដឹងថាតើ មនុស្សជោគជ័យភាគច្រើន គេចូលចិត្ត ធ្វើអ្វីមុនពេលគេងដែរទេ? ខាងក្រោមនេះ គឺជាការបង្ហាញខ្លីៗ ចំនួន ៨ ចំនុច ដែលមនុស្សជោគជ័យ ចូលចិត្តធ្វើមុនពេលគេង ៖

១. អានសៀវភៅ ៖ មនុស្សជោគជ័យ ភាគច្រើន ក្នុងពិភពលោក គឺជាមនុស្សឆ្កួត នឹងការអានសៀវភៅ ហើយពួកគេ រៀនពីអ្វី ដែលគេបានអាន ទើបធ្វើឲ្យគេអាច ទទួលបានភាពជោគជ័យ បែបនេះ។ អ្នកដឹងទេថា មនុស្សជោគជ័យ  ជាច្រើនលើ ពិភពលោក ដូចជាលោក Bill Gates ជាដើម បានអានសៀវភៅ ឬ អត្ថបទអ្វីមួយ រហូតដល់ពួកគេ មានអារម្មណ៍ថា អស់កម្លាំងហើយទើប ចូលទៅគេង។
២. ចំណាយពេលវេលា ជាមួយគ្រួសារនិង មិត្តភក្តិ៖ មនុស្សជោគជ័យ មិនមែនគិតតែរឿងការងារ តែម្យ៉ាងនោះទ្បើយ គេត្រូវតែ ចំណាយពេល វេលា សម្រាប់ក្រុមគ្រួសារ និង មិត្តភក្តិ ផងដែរ។ មនុស្សជោគជ័យដែល មានតែ ភាពជោគជ័យ លើរឿង អាជីព និង ការងារ តែមួយមុខមិន អស្ចារ្យនោះទេ។ លុះត្រា តែគេ ក៏ជោគជ័យ នៅជីវិតក្រុមគ្រួសារផងដែរ។ ដូច្នេះ អ្នកជោគជ័យភាគច្រើន បានចំណាយពេល និយាយ លេង សើច សប្បាយ រីករាយជាមួយក្រុមគ្រួសារ  នៅពេលគេទំនេរពី កិច្ចការងារ  ទើបចូលគេង។
៣. គ្រោង និង រៀបចំទុកជាស្រេច អ្វីដែលត្រូវធ្វើ សំរាប់ថ្ងៃបន្ទាប់៖ ចំនុចនេះ គឺជារឿងដ៏ សំខាន់ ដែលមនុស្សជោគជ័យ បានធ្វើ ពីព្រោះ មនុស្ស ជោគជ័យជា មនុស្សដែលចូលចិត្ត គ្រោងទុកអ្វីជាមុន។ ដូច្នេះគេបាន គ្រោងអ្វីៗទុកសំរាប់ថ្ងៃស្អែក ដោយ សរសេរ និងកត់ត្រាទុកនូវអ្វី ដែលគេត្រូវធ្វើ និង ត្រៀមខ្លួនទុកជាស្រេច សំរាប់ការងារថ្ងៃបន្ទាប់ ។  ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកពេលក្រោកឡើង ដឹងប្រាកដថា ធ្វើអ្វី ដែលអ្នកត្រូវធ្វើ ហើយ ធ្វើឲ្យអ្នកអាចធ្វើការងារ និង សម្រេច កិច្ចការសំរាប់ ថ្ងៃបន្ទាប់ បានដោយជោគជ័យ និង មិនធ្វើឲ្យអ្នកយឺតយ៉ាវ ក្នុង ការងារផងដែរ ។ ការងារទាំងនោះ អាចរួមមានទាំង ការរៀបចំ សំលៀកបំពាក់ ដែលត្រូវស្លៀកពាក់ និង ការងារចំបាច់ត្រូវធ្វើ ថ្ងៃស្អែកជាដើម ។ 
៤ . ការធ្វើ សមាធិ ៖ អ្វីដែលជារឿងដ៏ល្អ ដែលអ្នកអាចធ្វើបានទៀតមុនពេល ចូលគេង នោះ គឺការធ្វើសមាធិ នៅពេលយប់ ។ ពីព្រោះការធ្វើសមាធិ គឺជារឿងល្អ សំរាប់ សុខភាព រាងកាយ និងផ្លូវចិត្ត ។ ហើយ ការធ្វើសមាធិ អាចធ្វើឲ្យ អ្នកមានអារម្មណ៍ ស្ងប់ល្អ និង ធូរស្បើយ ក្រោយពីការបំពេញកិច្ចការងារ ពេញមួយថ្ងៃ ហើយ អ្នកអាចសាករៀន ធ្វើសមាធិពី ៥ និង ១០ នាទី បាន ។
៥. មើលទុកឲ្យហើយអ្វីនឹង ត្រូវធ្វើសំរាប់ថ្ងៃស្អែក៖ ការធ្វើបែបនេះ អ្នកជោគជ័យភាគច្រើន គឺចូលចិត្តអនុវត្តណាស់ ។ ការងារអ្នកដែលអ្នក ត្រូវធ្វើ គឺមិនមែន កើតឡើងដដែលៗ នោះទេ ដូច្នេះ អ្នក គួររៀបចំទុក ថាអ្វីដែលត្រូវធ្វើ អ្វីដែលត្រូវ និយាយ និង ដោះស្រាយអ្វីខ្លះ សំរាប់ថ្ងៃស្អែក ។ ហើយ អ្នកអាចចំណាយពេល ពី ៥នាទី ឡើងទៅ ក្នុងការកត់ ចំណាំ ឬត្រៀមទុកជាស្រេច អ្វី ដែលត្រូវធ្វើ ក្នុងរយៈពេលពេញ ពេញមួយថ្ងៃស្អែក នៃការសិក្សាឬ ការងារ ជាដើម។
៦. សរសេរ ទុកនូវអ្វី ដែលបានធ្វើសម្រេច សំរាប់ពេញមួយថ្ងៃ ៖ តើអ្នកធ្លាប់សួរខ្លួនឯងថាបាន បំពេញ កិច្ចការអ្វី ពេញមួយថ្ងៃដែរ ឬទេ ? សំរាប់មនុស្សជោគជ័យភាគច្រើន គឺគេបាន កត់ត្រាទុកនូវអ្វី ដែលកើតឡើង ដូចជាព្រឹត្តិការណ៍ សំខាន់ផ្សេងៗ ទាំងអ្វីដែលបានធ្វើសម្រេច តិចតួច ឬ ធំដុំ ក៏ដោយ។ វាអាចធ្វើឲ្យ អ្នករីករាយ និង ជោគជ័យដែលខ្លួនធ្វើបាន ហើយ អ្នកខ្លះក៏ចូលចិត្តកត់ទុក នូវភាពបរាជ័យខ្លួន ដើម្បីជាបទ ពិសោធន៍ហើយ យកវាទៅកែប្រែវិញទៀត ផងដែរ ។
៧. បញ្ចប់កិច្ចការងារឲ្យសព្វគ្រប់  ៖ មនុស្សជោគជ័យ គឺសូវមិនបាន ទុកកិច្ចការ ដែលត្រូវធ្វើ ចោលមួយឡែក ដោយមិនបញ្ចប់ឲ្យ រួចស្រេច នោះ ទេ ។ ពួកគេច្រើន តែបញ្ចប់វា មុនពេលចូលគេង ហើយពួកគេច្រើន តាំងចិត្ត និងខំធ្វើ កិច្ចការទាំងឡាយ  ឲ្យរួចហើយតាម អ្វីដែលគេ សន្យាទុកនិងរំពឹងទុកថាត្រូវធ្វើ មុនពេលចូលគេង ។
៨. គេងឲ្យបានគ្រប់គ្រាន់៖  ទោះបីមនុស្សជោគជ័យ ត្រូវតែបញ្ចប់ការងារ ឲ្យសព្វគ្រប់ មុនចួលគេងក៏ដោយ ប៉ុន្តែ គេតែងកំនត់ពេលវេលា សំរាប់គេងឲ្យ បានគ្រប់គ្រាន់ ។ ពីព្រោះ ការងារ ឬ ការសិក្សាពេញ មួយថ្ងៃ អាចធ្វើឲ្យអ្នកអស់កម្លាំង ដូច្នេះ អ្នកគួរតែ បញ្ឈប់ការរំខាន នានាដូចជា ការបិទទូរស័ព្ទ ជាដើម។ ពីព្រោះអ្នកនឹង អាចមានការរំខាន ខណៈពេលអ្នកកំពុងគេង ហើយដូចនេះដែរ មនុស្សជោគជ័យគឺ ត្រូវព្យាយាមគេងឲ្យ បានគ្រប់គ្រង  ដោយសារ កត្តា សុខភាព គឺចំបង សំរាប់ឲ្យ មនុស្សម្នាក់អាចជោគជ័យបាន ។  (Post: Pov Sokun)

អ្នកចម្រៀងនិង​ជាមេការ​ខារ៉ាអូខេម្នាក់​ស្លាប់​ ត្រូវ​គេ​បញ្ជូនទៅ​ស្រុក​កំណើត​ស្ងាត់​ៗ ប្រជាពលរដ្ឋ​មន្ទិល​គ្រប់​គ្នា​​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីអ្នកចម្រៀង និងជាមេការខារ៉ាអូខេម្នាក់ បម្រើការងារនៅហាងខារ៉ាអូខេ យីហោ ខេវ័ន្ត មានទីតាំងស្ថិត នៅភូមិក្បាលស្ពាន០១ សង្កាត់និងក្រុងប៉ោយប៉ែត ត្រូវប្រភពប្រាប់ថា បានស្លាប់ដោយពុំដឹងមូលហេតុ ហើយសព ត្រូវគេបញ្ជូនទៅស្រុកកំណើត ទាំងព្រឹកព្រលឹមស្ងាត់ៗ កាលពីថ្ងៃទី២៧ មិថុនា ធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលគ្រប់គ្នា។
ប្រភពប្រាប់ឱ្យដឹងទៀតថា ស្ត្រីរងគ្រោះឈ្មោះ ផង់ សុគុណថា អាយុជាង៣០ឆ្នាំ ជាអ្នកចម្រៀងនិងជាមេការ ប្រចាំនៅហាងខារ៉ាអូខេខាងលើ មានទីលំនៅសង្កាត់ចុងឃ្មៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពបញ្ជាក់ថា ស្ត្រីរងគ្រោះ ក្រោយពីមានអាការៈ មិនស្រួលខ្លួនខ្លាំង ត្រូវគេបញ្ជូនចេញពីកន្លែងធ្វើការ យកទៅកាន់គ្លីនិកឯកជន ២កន្លែង នៅវេលាទៀបភ្លឺ ប៉ុន្តែគ្លីនិកខាងលើ មិនហ៊ានទទួល បន្ទាប់មកជនរងគ្រោះ ក៍ត្រូវបានគេបញ្ជូនបន្ត ទៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។
ទោះជាយ៉ាងណា ក្រោយពីមានប្រភពថា ដំបូងជនរងគ្រោះ ត្រូវគេបញ្ជូនទៅគ្លីនិក រក្សាសុខទេវិន្ទ កោះសន្តិភាពបានទាក់ទង សុំការបំភ្លឺពីលោក លុក ពៅសម្បត្តិ ម្ចាស់គ្លីនិក តែត្រូវលោកបដិសេធថា មិនមានជនរងគ្រោះខាងលើ បញ្ជូនមកគ្លីនិករបស់ លោក ដើម្បីឲ្យជួយសង្រ្គោះឡើយ កាលពីព្រឹកព្រលឹមថ្ងៃទី២៧ មិថុនានោះ។ លុះពេលទំនាក់ទំនង សុំការបំភ្លឺពីលោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត ទូរស័ព្ទចុចចូលជាច្រើនដង តែមិនមានអ្នកទទួល។ ចំណែកលោកហម ម៉ុត មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត ពេលដែលកោះសន្តិភាព ទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២៧ ដើម្បីសាកសួររឿងរ៉ាវខាងលើ លោកប្រាប់ថាមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែលោកថានឹងធ្វើការស្រាវ ជ្រាវបញ្ហាហ្នឹង។
ដោយឡែកលោកឱក ទីណា ប្រធានស្ដីទីមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៨ មិថុនានេះ ថាពិតជាមានស្ត្រីម្នាក់ បានស្លាប់កាលពីព្រឹកថ្ងៃទី២៧ មែន។ លោកប្រធានស្ដីទីរូបនោះបន្តថា ជនរងគ្រោះបានស្លាប់ មុនពេលមកដល់មន្ទីរពេទ្យ ហើយក៍ត្រូវគេដឹកបន្ត ទៅខេត្តសៀមរាប។ រីឯឈ្មោះសៅ ម្ចាស់ហាងខារ៉ាអូខេ យីហោខេវ័ន្ត កោះសន្តិភាពបានទូរស័ព្ទ ចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល ដូច្នេះជុំវិញព័ត៌មានការស្លាប់ របស់ស្ត្រីអ្នកចម្រៀង និងជាមេការ ខារ៉ាអូខេ នៅតែស្ថិតក្នុងអាថ៌កំបាំង៕ (Post by: Sokun)